រោងចក្រចំនួន៣ តម្លៃ ២៣លានដុល្លារ នឹងបង្កើតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង និងព្រះស៊ីហនុ
Posted by -
Phoung Somphors
Published on -
1/6/2023 12:36 PM

ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣បោះទុនវិនិយោគប្រមាណ ២៣,២លានដុល្លារដើម្បីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង និងខេត្តព្រះសីហនុដែលអាចបង្កើតការងារបានជិត ២ពាន់កន្លែង។

បើតាម CDC នៅថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ដើម្បីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង។ មានក្រុមហ៊ុន LeHoo (Cambodia) Furniture Company Limited បោះទុនប្រមាណ ១៣,២លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀងដែលអាចបង្កើតការងារបានចំនួន ៥៩២កន្លែង។

ចំណែក ក្រុមហ៊ុន Xinkaida Lighting Co.,Ltd បោះទុនចំនួន ៨លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំអំពូលលម្អគ្រប់ប្រភេទដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀងនិងអាចបង្កើតការងារបានប្រមាណ ១២៤១កន្លែង។

ចំពោះ ក្រុមហ៊ុន Guangbo (Cambodia)Industrial Co., Ltd បោះទុនប្រមាណ ២លានដុល្លារគម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com+855 (0) 92 948 236